(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណជាង ៨០,០៧% ខណៈដែលគម្រោងនេះ។
ចំពោះគម្រោងដែលបានអនុវត្តរួចរាល់ និងកំពុងបន្ត រួមមាន៖ -ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បានបញ្ចប់ 100%
-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុងបានបញ្ចប់ 100%
-ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ គឺបានបញ្ចប់ 100%
-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ 20%
-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ បានបញ្ចប់ចំនួន 62 គីឡូម៉ែត្រ។
-ការងារជួសជុលផ្លូវកៅស៊ូ AC បានចំនួន ចំនួន 27 គីឡូម៉ែត្រ។
ជាមួយគ្នានេះ គម្រោងទាំងមូលខាងលើ គ្រោងនឹងបញ្ចប់ទាំងស្រុង តាមកុងត្រានៃកិច្ចសន្យាបញ្ចប់នៅថ្ងៃទី ៣១ ឧសភា ២០២៦ ខាងមុខ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីជំនាញ មានការរំពងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។
ក្រៅពីនោះទឹកកខ្វក់នៅក្នុងក្រុងកំពង់ចាម ទាំងមូលក៏ត្រូវបានគ្រប់គ្រងដោយមិនឱ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិនមុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។
គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។
ផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





No comments:
Post a Comment