សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក និងគ្រួសារកងទ័ពជួរមុខចំនួន ៥០៨គ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហណ្ឌិត ក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនទាំងអស់ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែង និងសូមជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាល គណៈអភិបាលខេត្តពោធិ៍សាត់ អ្នកឧកញ៉ា គៀន ស្រីនៀង ទ្រីភាព‚ មហាសទ្ធានុរ័កសិរី បណ្ឌិត ប៊ុន ហៀង និងអមរានុភ័ទ្ទសិរី កៅ វីណៈ លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ‚ អ្នកឧកញ៉ា យី រដ្ឋា និងឯកឧត្តម ប៊ុន តារា ក៏ដូចជាបណ្តាក្រុមហ៊ុន បណ្ដាសប្បុរសជន ប្រជាជន ដែលបានចូលរួមបរិច្ចាគធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រដល់សមរភូមិជួរមុខ តាមរយៈ ការជួយដល់ក្រុមគ្រួសារកងទ័ព និងក្រុមគ្រួសារដែលកំពុងភៀសខ្លួន ដើម្បីលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធត្រៀមប្រយុទ្ធ យ៉ាងអង់អាចក្លាហានរបស់យើងដែលកំពុងឈរជើងបំពេញភារកិច្ចដ៏ឧត្តមការពារបូរណភាពទឹកដី ឲ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត ក៏ដូចជាបង្ហាញពី ការដឹងគុណចំពោះវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលយើងទាំងអស់គ្នា ជាប្រជាជននៅជួរក្រោយរួមគ្នាគាំទ្រដល់កងទ័ពជួរមុខ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវប្រែក្លាយពីការឈឺចាប់នៃសង្គ្រាម ឲ្យក្លាយទៅជាការសាមគ្គីគ្នា ការឯកភាពជាតិទាំងមូល និងបន្ដជឿជាក់លើវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី បញ្ជៀសបាននូវសង្គ្រាម និងការវិលត្រលប់ទៅរកបទឈប់បាញ់នាពេលខាងមុខនេះ ។
អំណោយសម្រាប់អ្នកចូលរួមកម្មវិធីថ្ងៃចំនួន ៥០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី ៥កញ្ចប់‚ ទឹកត្រី ១ដប‚ ទឹកស៊ីអីវ ១ដប‚ ត្រីខ ១កំប៉ុង‚ ឆៃពៅ ១កញ្ចប់‚ ទឹកសុទ្ធ ១កេស‚ អង្ករ ២០គីឡូក្រាម‚ សាប៊ូលាងចាន ១ដប‚ សាប៊ូបោកខោអាវ ១គីឡូក្រាម‚ ប្រហុក ១គីឡូក្រាម‚ អាវរងារ ឬភួយ‚ វីតាមីនកូនក្មេង ១កញ្ចប់ ថវិកាមួយចំនួន។






No comments:
Post a Comment