រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំលៀសហាល ៥តោន ប្រវែង ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ - គេហទំព័រ ស្ពានមរតក

Breaking

Friday, February 13, 2026

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំលៀសហាល ៥តោន ប្រវែង ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦

(កំពង់ចាម)៖ ដើម្បីញ៉ាំងឱ្យបរិយាកាស នៃព្រឹត្តិការណ៍សង្គ្រាន្តកំពង់ចាម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែមានភាពអធិកអធម និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំ«លៀសហាល» ដែលមានទម្ងន់រហូតដល់ ៥តោន និងតម្រៀបជាជួរមានប្រវែងដល់ទៅ ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦។




ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។




ការសម្រេចបន្តជ្រើសរើសយក "លៀសហាល" មកធ្វើជាចំណុចទាក់ទាញសំខាន់នាឆ្នាំនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណីអាហារ ដែលជាអត្តសញ្ញាណដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ខេត្តផងដែរ។ តាមរយៈការរៀបចំនេះ ខេត្តកំពង់ចាមចង់បង្ហាញពីភាពសម្បូរបែបនៃធនធានជលផលទឹកសាប និងការច្នៃប្រឌិតរបស់ប្រជាជនក្នុងតំបន់។




ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឡើងដើម្បីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកំពង់ចាមកាន់តែច្រើន ដែលនឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការស្នាក់នៅ ការហូបចុក និងការលក់ដូររបស់បងប្អូនអាជីវករ។ ក្រៅពីការបង្ហាញលៀសហាលនេះ សង្ក្រាន្តកំពង់ចាម ២០២៦ ក៏នឹងមានការរៀបចំល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រី និងមានការតុបតែងភ្លើងលម្អយ៉ាងស្រស់ស្អាត តាមបណ្ដោយផ្លូវមុខសាលាខេត្ត តាមមាត់ទន្លេ និងតំបន់កម្សាន្តសប្បាយៗជាច្រើនទៀត៕




ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម




 

No comments:

Post a Comment

Pages