សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក - គេហទំព័រ ស្ពានមរតក

Breaking

Thursday, February 5, 2026

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក

នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះដែរ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសំណេះសំណាលសួរសុខទុក្ខ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បងប្អូន ថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកទាំងអស់ ទោះបីជាត្រូវរស់នៅឆ្ងាយពីមាតុភូមិ ប៉ុន្តែនៅតែរក្សាបាននូវមនសិការស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើសពីនេះ សម្តេចតេជោ ក៏បានអរគុណ ថ្នាក់ដឹកនាំសាខាបក្ស យុវជនបក្ស ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន តាមរយៈការយកជាអំណោយជារបស់របរប្រើប្រាស់ និងថវិកាតិចក្តី ច្រើនក្តីរបស់ពួកគាត់ មកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ដែលនេះគឺជាការបង្ហាញអំពីការ ឈឺឆ្អាល របស់ពួកគាត់ចំពោះ បងប្អូនភៀសសឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក្តី ក៏ប៉ុន្តែពួកគាត់គឺស្ថិតនៅជាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាតិសាសន៍យើងជានិច្ច។ 

សម្តេចតេជោ ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតតាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។

ជំនួបសំណេះសំណាល បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយសាមគ្គីភាព ដែលគឺជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ចំពោះសុខទុក្ខរបស់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ជាពិសេសសកម្មជនគណបក្សដែលតែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការគាំទ្រ និងការងារអង្គការចាត់តាំងនៅបណ្តារដ្ឋនានានៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក ។

មុនបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល ជូនបងប្អូនសមាជិក សមាជិកាយុវជនគណបក្សទាំងអស់ ដែលបានមកពីសហរដ្ឋអាមេរិក សូមឱ្យទទួលបាននូវសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងការងារបក្ស ក៏ដូចជាការប្រកបរបរទទួលទានក្នុងជីវភាពគ្រួសារ៕





 

No comments:

Post a Comment

Pages