កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជំរុញការតបណ្តាញទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្សនិងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដោយការអភិវឌ្ឍរីកចម្រើនខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្សដើម្បីបម្រើឱ្យវិស័យទាំងនេះ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹងនិងបច្ចេកទេស។
ឯកឧត្តមបានបញ្ជាក់ទៀតថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំ យកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែនិងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែនិងមានសមត្ថភាព គឺប្រាកដណាស់ក្មួយៗពិតជាអាចរកបានការងារល្អនិងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ)៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ






No comments:
Post a Comment