ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍រីកចម្រើនរបស់ខេត្ត។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងសាលាតំបូងខេត្ត នាយក/នាយករងរដ្ឋបាល នាយក/នាយករង ទីចាត់ការនៃរដ្ឋបាលខេត្ត ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។
ឯកឧត្តម បានកោតសរសើចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង/ស្រុក និងមូលដ្ឋាន ក្នុងការបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឲ្យខេត្តមានការអភិវឌ្ឍ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋទូទៅនៅមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវពង្រឹងសន្តិសុខ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវរៀបចំឱ្យមានគណៈកម្មការ ត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យនៅជុំវិញតំបន់មាត់ទន្លេសិប្បនិមិត្ត ដើម្បីទាក់ទាញបងប្អូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់នេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ គណៈកម្មការទទួលបន្ទុករៀបចំផែនការសកម្មភាព ត្រូវធ្វើការត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលត្រូវធ្វើឡើងនៅរយៈពេលខ្លីខាងមុខនេះផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ





No comments:
Post a Comment