រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំខួបលើកទី៧ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, February 25, 2026

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំខួបលើកទី៧ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរខួបលើកទី៧ នៃទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ (២២ កុម្ភៈ)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ លោកឧត្តមសេយ៍ត្រី នូវ តាល់ ស្នងការស្តីទី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការសឹករងខេត្ត លោកអភិបាល ក្រុង-ស្រុក លោកអធិការ-អធិការរង និងលោកប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរងនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ និងធ្វើបទបង្ហាញអំពីស្ថានភាពទូទៅនៃកិច្ចប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យក្នុងខេត្តនាពេលកន្លងមក។ លោកបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្នុងការចុះអប់រំផ្សព្វផ្សាយ និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ អាជ្ញាធរក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ អធិការ និងនាយប៉ុស្តិ៍ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។ ជាលទ្ធផលដ៏គួរឱ្យមោទនៈ ខេត្តពោធិ៍សាត់របស់យើងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្រិតឃុំ-សង្កាត់ រហូតដល់ ៤៥ឃុំ ដែលនេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ពៅ ពិសិដ្ឋ បានលើកឡើងនូវទិសដៅការងារសំខាន់ៗ និងការបង្កើនការប្រុងប្រយ័ត្ន ការរំលឹកដល់សារៈសំខាន់នៃទិវាបង្ការអគ្គិភ័យ និងបានដាក់ចេញនូវទិសដៅការងារចំពោះមុខដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា បន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យមានប្រសិទ្ធភាព។ បន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ដែលជាអាទិភាពខ្ពស់បំផុត។ ជំរុញឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ រួមគ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នៃអគ្គិភ័យ ជាពិសេសក្នុងរដូវប្រាំង ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល៕

ប្រភព៖ ស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់





 

No comments:

Post a Comment

Pages