បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំ ដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូទើបប្រកាសតែងតាំងថ្មីត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ប្រសាសន៍ណែនាំរបស់ ឯកឧត្តម សុខ លូ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរជំនាញមួយចំនួនជុំវិញខេត្ត និងក្នុងវិស័យអប់រំមធ្យមសិក្សា បឋមសិក្សា និងមត្តេយ្យសិក្សានៃរដ្ឋបាលក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុករុក្ខគិរី ក្នុងខេត្តបាត់ដំបង។
ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម ណែនាំមន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ខិតខំថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានាដើម្បីសុខភាព និងចូលរួមគោរពច្បាប់ចរាចរណ៍។ ឯកឧត្តមបន្តក្រើនរំលឹកអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ឧបករណ៍រំពងសំឡេងរំខានឮខ្លាំងៗប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ និងការគិតគូដោះស្រាយការរំដោះដីចំណីផ្លូវទុកឱ្យធំទូលាយសម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលប្រើប្រាស់ ព្រមទាំងបន្តយុទ្ធនាការដាំដើមឈើតាមក្រុងស្រុកជាដើម៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង






No comments:
Post a Comment